ការស្វែងយល់អំពីជំងឺទល់លាមករ៉ាំរ៉ៃ៖ ការណែនាំពីគ្រូពេទ្យឯកទេសក្រពះពោះវៀន ដើម្បីទទួលបានការធូរស្បើយពិតប្រាកដ
20/08/2026

ប្រឹងបន្ទោរបង់នៅលើបង្គន់។ មានអារម្មណ៍មិនស្រួល ដោយសារមិនអាចបន្ទោរបង់អស់។ លាមករឹង ជាដុំៗ និងពិបាកបញ្ចេញ។
តើរោគសញ្ញាទាំងនេះស្រដៀងនឹងអ្វីដែលអ្នកធ្លាប់ជួបប្រទះដែរឬទេ? ទាំងនេះគឺជារោគសញ្ញាសំខាន់ៗនៃជំងឺទល់លាមក។ អ្នកប្រហែលជាធ្លាប់ជួបប្រទះរោគសញ្ញាមួយ ឬច្រើន ក្នុងចំណោមរោគសញ្ញាទាំងនេះ យ៉ាងហោចណាស់ម្តងក្នុងជីវិតរបស់អ្នក ។
ជំងឺទល់លាមកគឺជាបញ្ហាប្រព័ន្ធរំលាយអាហារដ៏សាមញ្ញបំផុតមួយ ដែលអាចកើតមានលើមនុស្សគ្រប់វ័យ។ មនុស្សជាច្រើនដែលមានជំងឺទល់លាមករ៉ាំរ៉ៃ ស៊ូទ្រាំនឹងការឈឺចាប់ដោយស្ងៀមស្ងាត់ និងមិនស្វែងរកការព្យាបាលនោះទេ។ ប៉ុន្តែនេះជាអ្វីដែលអ្នកគួរដឹងគឺ៖ ជំងឺទល់លាមកមិនមែនជាបញ្ហាដែលអ្នកត្រូវតែទ្រាំរស់នៅជាមួយនោះទេ។
នៅក្នុងអត្ថបទនេះលោកជំទាវ វេជ្ជបណ្ឌិត Wendy Lim Wan Dee គ្រូពេទ្យឯកទេសពិគ្រោះយោបល់ផ្នែកក្រពះពោះវៀន និងថ្លើម នឹងជួយឱ្យយល់អំពីជំងឺការទល់លាមក មូលហេតុនិងអ្វីដែលត្រូវធ្វើដើម្បី ព្យាបាលប្រកបដោយមានប្រសិទ្ធភាព។
តើអ្វីជាជំងឺទល់លាមក?
យោងតាមលោកជំទាវ វេជ្ជបណ្ឌិត Wendy ការបន្ទោរបង់ធម្មតា មានចន្លោះចាប់ពីយ៉ាងហោចណាស់ ៣ ដងក្នុងមួយសប្ដាហ៍ ទៅមិនលើសពី ៣ដងក្នុងមួយថ្ងៃ។ ជាទូទៅ ជំងឺទល់លាមកត្រូវបានកំណត់ថា ជាការពិបាកការបន្ទោរបង់ មិនញឹកញាប់ ឬការបញ្ចេញលាមកមិនអស់ ដែលកើតឡើងតិចជាង ៣ ដងក្នុងមួយសប្ដាហ៍។

រោគសញ្ញាសំខាន់ៗផ្សេងទៀតនៃជំងឺទល់លាមក រួមមាន៖
- ការប្រឹងនៅពេលបន្ទោរបង់
- មានអារម្មណ៍ថាបន្ទោរបង់មិនអស់
- លាមករឹង និងជាដុំៗ
- មានអារម្មណ៍ថាមានការកកស្ទះនៅក្នុងទ្វារធំ
- តម្រូវឱ្យប្រើដៃជួយក្នុងការបញ្ចេញលាមក (ដោយប្រើម្រាមដៃ)
ជំងឺទល់លាមករបស់អ្នកត្រូវបានចាត់ទុកថាជំងឺរ៉ាំរ៉ៃ ប្រសិនបើអូសបន្លាយពេលចាប់ពី ៣ ខែឡើងទៅ។
ការស្វែងយល់អំពីប្រភេទនៃជំងឺទល់លាមក
ជំងឺទល់លាមកមិនមែនសុទ្ធតែដូចគ្នានោះទេ។ លោកជំទាវ វេជ្ជបណ្ឌិត Wendy ពន្យល់ថា ជាទូទៅ ជំងឺទល់លាមករ៉ាំរ៉ៃអាចបែងចែកជាពីរប្រភេទធំៗ។ ការស្វែងរកមូលហេតុបង្កគឺជារឿងសំខាន់បំផុត ព្រោះវាជួយ ឱ្យគ្រូពេទ្យ ឯកទេសក្រពះពោះវៀនអាចណែនាំវិធីសាស្ត្រព្យាបាលដែលត្រឹមត្រូវ និងមានប្រសិទ្ធភាពបំផុត។
ប្រភេទទីមួយ គឺបណ្ដាលមកពីកត្តាខាងក្រៅ។ វាអាចកើតឡើងដោយសារថ្នាំមួយចំនួន ជំងឺប្រចាំកាយ ឬទម្លាប់រស់នៅ ដូចជា ការផឹកទឹកមិនគ្រប់គ្រាន់ ការញ៉ាំអាហារដែលមានជាតិសរសៃមិនគ្រប់គ្រាន់ ឬមិនសូវធ្វើសកម្មភាពរាងកាយ។
ប្រភេទទីពីរកើតឡើងនៅពេលដែលមានការខូចមុខងាររបស់ពោះវៀនធំដោយផ្ទាល់។ ប្រភេទនេះអាចបែងចែកបន្ថែមជា ៣ ប្រភេទទូទៅ ៖
- ជំងឺទល់លាមកដោយសារពោះវៀនដើរយឺត៖ កើតឡើងនៅពេលលាមកផ្លាស់ទីយឺតពេកតាមពោះវៀន ដែលបណ្ដាលឱ្យបន្ទោរបង់មិនញឹកញាប់។
- រោគសញ្ញារលាកពោះវៀន (IBS)៖ ជាបញ្ហាប្រព័ន្ធរំលាយអាហារដែលអាចបណ្ដាលឱ្យទល់លាមក អមដោយរោគសញ្ញាដូចជា ហើមពោះ ឈឺពោះ និងរាគ។
- វិបត្តិក្នុងការបន្ទោរបង់៖ កើតឡើងនៅពេលដែលសាច់ដុំ ពាក់ព័ន្ធនឹងការ បន្ទោរបង់ធ្វើការមិនប្រក្រតី ធ្វើឱ្យពិបាកក្នុងការបន្ទោរបង់បានអស់ពីពោះវៀន។
តើអ្វីជាមូលហេតុនៃវិបត្តិក្នុងការបន្ទោរបង់?
ក្នុងចំណោមទាំងបីប្រភេទនេះ វិបត្តិក្នុងការបន្ទោរបង់ គឺជាករណី ដែលងាយត្រូវបានមើលរំលង និង រំលងក្នុងការធ្វើរោគវិនិច្ឆ័យញឹកញាប់បំផុត។
សម្រាប់មនុស្សភាគច្រើន ការបន្ទោរបង់គឺជាប្រតិកម្មបត់ជើងដោយស្វ័យប្រវត្តិ ។ នៅពេលអ្នកប្រឹងបន្ទោរបង់ សាច់ដុំជុំវិញទ្វារធំ និងរន្ធគូថ នឹងសម្រួលបន្ធូរដោយស្វ័យប្រវត្តិ ដែលអនុញ្ញាតឱ្យលាមកឆ្លងកាត់បានយ៉ាងងាយស្រួល។

ទោះជាយ៉ាងណាក៏ដោយ លោកជំទាវ វេជ្ជបណ្ឌិត Wendy បានចែករំលែកថា ចំពោះអ្នកដែលមានបញ្ហាក្នុងការបន្ទោរបង់ ដំណើរការនេះមិនប្រព្រឹត្តទៅដូចធម្មតាទេ។ ភាគច្រើន ពួកគាត់ប្រឹង និងរុញម្តងហើយម្តងទៀត។ ជំនួសឱ្យការបន្ធូរ សាច់ដុំបែរជាកន្ត្រាក់រឹតបន្តឹង ដែលធ្វើឱ្យកាន់តែពិបាកក្នុងការបត់ជើងធំ និងបញ្ចេញលាមកឱ្យអស់ពីពោះវៀន ។
លោកជំទាវបានពន្យល់ថា៖ “ស្ថានភាពនេះអាចប្រៀបធៀបបានទៅនឹងប្រដាប់ច្របាច់ថ្នាំដុសធ្មេញដែលនៅជាប់គម្រប។ ប្រសិនបើអ្នកមិនបើកគម្រប ហើយព្យាយាមច្របាច់ នឹងមិនមានអ្វីចេញមកទេ។ នៅពេលបើកគម្រប ថ្នាំដុសធ្មេញ នឹងអនុញ្ញាតឱ្យថ្នាំដុសធ្មេញហូរចេញមក”។
ជាក់ស្ដែង លោកជំទាវបានបញ្ជាក់ថា ប្រហែលមួយភាគបីនៃករណីការទល់លាមករ៉ាំរ៉ៃ អាចបណ្ដាលមកពីវិបត្តិ ក្នុងការបន្ទោរបង់ ដែលមិនអាចធ្វើរោគវិនិច្ឆ័យបានតាមរយៈការឆ្លុះពោះវៀនធំ (colonoscopy) ធម្មតានោះទេ។
មូលហេតុដែលអាចបណ្ដាលឱ្យមានវិបត្តិក្នុងការបន្ទោរបង់ រួមមាន៖
- ការមានផ្ទៃពោះ និងការសម្រាលកូនតាមធម្មជាតិ
- ការប៉ះទង្គិច ឬរបួសដល់សាច់ដុំបាតអាងត្រគាក
- ទម្លាប់ទប់ការបន្ទោរបង់យូររ៉ាំរ៉ៃ
- ទម្លាប់ប្រឹងបន្ទោរបង់នៅលើបង្គន់
តើជំងឺទល់លាមករ៉ាំរ៉ៃអាចព្យាបាលបានទេ?
សម្រាប់ជំងឺទល់លាមករ៉ាំរ៉ៃ ជាដំបូង អ្នកជំងឺតែងតែត្រូវបានការណែនាំឱ្យបង្កើនការទទួលទានជាតិសរសៃ និងការផឹកទឹក ព្រមទាំងកែប្រែរបៀបរស់នៅ ដូចជា ការហាត់ប្រាណឱ្យបានច្រើន។
ថ្នាំបំប៉នជាតិសរសៃក៏អាចត្រូវបានណែនាំ ដើម្បីជួយរំញោចចលនាពោះវៀន ជាពិសេសសម្រាប់អ្នកដែលមានបញ្ហាពោះវៀនដើរយឺត។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើវិធីទាំងនេះមិនមានប្រសិទ្ធភាព វេជ្ជបណ្ឌិតអាចត្រូវបានណែនាំឱ្យប្រើប្រាស់ ថ្នាំ និងថ្នាំបញ្ចុះលាមក។
ប្រសិនបើការព្យាបាលជំងឺទល់លាមកតាមបែបបទធម្មតាខាងលើ មិនអាចផ្ដល់ការធូរស្បើយទេនោះ អ្នកនៅតែមានសង្ឃឹម។
ជាផ្នែកមួយនៃគ្លីនិកជំងឺទល់លាមក Constipation Clinic នៅមន្ទីរពេទ្យ Sunway Medical Centre, ទីក្រុង Sunway, លោកជំទាវ វេជ្ជបណ្ឌិត Wendy និងក្រុមការងារបានរួមបញ្ចូលការធ្វើរោគវិនិច្ឆ័យកម្រិតខ្ពស់ និងការព្យាបាលឯកទេស ដើម្បីស្វែងរក និងព្យាបាលចំមូលហេតុឫសគល់នៃជំងឺទល់លាមករបស់អ្នក។
ការព្យាបាលជំងឺទល់លាមកមួយ ដែលលោកជំទាវបានគូសបញ្ជាក់ គឺវិធីសាស្ត្រ Anorectal Biofeedback Therapy ដែលមានអត្រាជោគជ័យរហូតដល់ ៨០ភាគរយ ចំពោះអ្នកជំងឺដែលមានវិបត្តិក្នុងការបន្ទោរបង់។
ការព្យាបាលដោយចលនាឯកទេសនេះ ផ្ដោតលើសាច់ដុំបាតអាងត្រគាក ដោយជួយអ្នកជំងឺសម្របសម្រួលសម្ពាធក្នុងពោះ ជាមួយនឹងការបន្ធូរសាច់ដុំអាងត្រគាក ដើម្បីស្ដារការបន្ទោរបង់ធម្មតាឡើងវិញ។ ការព្យាបាលនេះប្រើឧបករណ៍ពិសេសមួយហៅថា Anorectal Manometry ដើម្បីវាស់ការសម្របសម្រួលសាច់ដុំ ភាពប្រែប្រួលនៃទ្វារធំ និងលំនាំសម្ពាធនៅក្នុងទ្វារធំ និងសាច់ដុំរន្ធគូថ។
ដោយផ្អែកលើលទ្ធផល គ្រូពេទ្យព្យាបាលដោយចលនានឹងណែនាំអ្នកជំងឺអំពីរបៀបបន្ធូរ និងកន្ត្រាក់សាច់ដុំឱ្យត្រឹមត្រូវ និងត្រូវពេលវេលានៅលើបង្គន់ ព្រមទាំងតាមដានការវិវត្តរបស់ពួកគាត់។
លោកជំទាវបានបន្ថែមថា៖ “ការធ្វេីលំហាត់ប្រាណនឹងត្រូវបានរចនាឡើងតម្រូវ ទៅតាមបញ្ហាជាក់លាក់របស់អ្នកជំងឺម្នាក់ៗ មិនថាកម្លាំងពោះខ្សោយ ឬមានការពិបាកក្នុងការប្រឹង ឬការបន្ធូរសាច់ដុំនោះទេ” ។
អ្នកមិនចាំបាច់ទ្រាំរស់នៅជាមួយជំងឺទល់លាមកនោះទេ
ជំងឺទល់លាមកអាចកើតមានជាទូទៅ ប៉ុន្តែវាមិនចាំបាច់ក្លាយជាបញ្ហា ក្នុងជីវិតរបស់អ្នកឡើយ។ ជាមួយនឹងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវនៅគ្លីនិកជំងឺទល់លាមក (Constipation Clinic) របស់យើង ដែលដឹកនាំដោយគ្រូពេទ្យ ឯកទេសប្រព័ន្ធរំលាយអាហារដែលមានបទពិសោធន៍ មូលហេតុឫសគល់អាចត្រូវបានស្វែងរកឃើញ និងព្យាបាលប្រកបដោយប្រសិទ្ធភាព។ ការធូរស្បើយរយៈពេលយូរអង្វែងពីការទល់លាមករ៉ាំរ៉ៃ មិនមែនគ្រាន់តែអាចទៅបាននោះទេ ប៉ុន្តែវានៅជិតដៃរបស់អ្នក។
កុំបណ្ដោយឱ្យជំងឺទល់លាមកគ្រប់គ្រងជីវិតរបស់អ្នកតទៅទៀត។ សូមចុចខាងក្រោម ដើម្បីកំណត់ការណាត់ជួបពិគ្រោះយោបល់ជាមួយ លោកជំទាវ វេជ្ជបណ្ឌិត Wendy Lim Wan Dee គ្រូពេទ្យឯកទេសពិគ្រោះយោបល់ផ្នែកក្រពះពោះវៀន និងថ្លើម របស់យើងនៅថ្ងៃនេះ។
